សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប រៀបចំពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រមាណ២៩០៩​ អង្គ/នាក់

នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ នៅសាលសន្និសីទ សុខា ខេត្តសៀមរាប សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប មានកិត្ដិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលស្វាគមន៍ និងធើ្វបដិសណ្ឋារកិច្ចប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតចំពោះ លោកបណ្ឌិត​ អ៉ីន​ វីរជាតិ​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប សរុបចំនួនទាំងអស់ ២៩០៩​ អង្គ/នាក់​ នារីចំនួន ១២២៩នាក់ ដែលបានបពា្ចប់ការសិក្សាដោយជោគជ័យ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ២០១៨-២០១៩ ២០១៩-២០២០ និង ២០២០-២០២១ លើកម្រិតសញ្ញាបត្ររង​និងបរិញ្ញាបត្រ ដែលមានជំនាញ/ឯកទេសដូចខាងក្រោម៖
-គ្រប់គ្រងទូទៅ
-គណនេយ្យនិងហិរញ្ញវត្ថុ
-ធនាគារនិងហិរញ្ញវត្ថុ
-ទីផ្សារ
-សហគ្រិនភាពនិងការគ្រប់គ្រងសហគ្រាស
-គ្រប់គ្រងសណ្ឋាគារនិងបដិសណ្ឋារកិច្ច
-គ្រប់គ្រងទេសចរណ៍
-ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស
-នីតិសាស្រ្ត
-បច្ចេកវិទ្យាព័ត៌មាន
-វិស្វកម្មសំណង់ស៊ីវិលអគារ
-ស្ថាបត្យកម្មនិងនគរូបនីយកម្ម
-វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច
-សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ផលិតកម្មសត្វនិងទីផ្សារ
►​​ ក្នុងនោះក៏មាននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានជំនាញ/ឯកទេសដូចខាងក្រោម៖
-គ្រប់គ្រង
-រដ្ឋបាលសាធារណៈ
-គ្រប់គ្រងសាធារណៈនិងអភិបាលកិច្ច
-នីតិសាធារណៈ
-ផែនការអប់រំ និងគ្រប់គ្រង
ជាការពិតបេសកកម្មដ៏ចម្បង ដែលសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប បានបំពេញក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ គឺការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សា ការបណ្តុះបណ្តា​ល និង អភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ គុណភាព ប្រសិទ្ធភាព និងឯកទេសច្បាស់លាស់ក្នុងទិសដៅជាសារវ័ន្តលើការកសាងសមត្ថភាពប្រើគំនិតត្រិះរិះពិចារណា ក្នុងការចូលរួមអភិរក្សវប្បធម៌ជាតិ​និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាជាមួយនឹងសហគមន៍អន្តរជាតិ។

បច្ចុប្បន្ន សាកលវិទ្យាល័យបៀលប្រាយ មានគណៈគ្រប់គ្រង បុគ្គលិក និងសាស្ដ្រាចារ្យ សរុបចំនួនទាំងអស់ចំនួន ១,៣៥៦នាក់ ក្នុងនោះ គណៈគ្រប់គ្រង និង បុគ្គលិកចំនួន ៣២៨នាក់ និង សាស្ដ្រាចារ្យចំនួន ១០២៨នាក់ ក្នុងនោះចំនួនជាង ៦០% ជាសាស្ដ្រាចារ្យបង្រៀនពេញម៉ោង ដោយត្រូវបែងចែកទៅតាមកម្រិតផ្សេងៗគ្នា ដូចជា កម្រិតបណ្ឌិតចំនួន ៥២នាក់ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ៩០១នាក់ និងកម្រិតបរិញ្ញាបត្រ ៧៥នាក់។

ចំពោះសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ សរុបចំនួន ២៤៤នាក់ (នារី៥០នាក់) ក្នុងនោះមាន គណៈគ្រប់គ្រង និងបុគ្គលិកមានចំនួន ៥១នាក់ (នារី ៣៣នាក់) សាស្រ្តាចារ្យមានចំនួន១៩៣នាក់ (នារី ១៧នាក់)៕